Post Date : April 23,2016
Dr. BY MENGLY
Pharmacien Biologiste, France
Founder
មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយូប៊ីឃីន ត្រូវបានបើកដំណើរការក្នុងខែសីហា ឆ្នាំ២០១៥ នៅតំបន់ទួលគោក រាជធានីភ្នំពេញ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោកបណ្ឌិត ប៊ី ម៉េងលី Dr. BY MENG LY បិតាស្ថាបនិកនៃមន្ទីរពិសោធន៍នេះផ្ទាល់។ លោក បណ្ឌិត ប៊ី ម៉េងលី ជាបណ្ឌិតឱសថសាស្ត្រក្នុងវិស័យជំងឺមហារីក ពីសាកលវិទ្យាល័យ Caen (Université de Caen, since 1984, France) ប្រទេសបារាំង តាំងពីឆ្នាំ ១៩៨៤ និងទទួលបាន ឯកទេសរោគវិនិច្ឆ័យជីវសាស្រ្ត ជាបន្តបន្ទាប់ ពីឆ្នាំ១៩៨៥ ដល់ ១៩៨៨ និងបានចំណាយពេលប្រាំឆ្នាំ ធ្វើការនៅក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យទីក្រុងប៉ារីស មុននឹងសម្រេចបើកមន្ទីរពិសោធន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់រហូតដល់ ៥សាខានៅឯប្រទេសបារាំង ដែលមានលក្ខណៈសម្បត្តិតាមស្តង់ដារអន្តរជាតិ ISO 15189។
ការបង្កើតមន្ទីរពិសោធន៍នៅកម្ពុជានេះ គឺដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេវាសុខាភិបាលរបស់កម្ពុជាឲ្យមានភាពប្រសើរឡើង ដោយធ្វើតាមរូបភាពនៃមន្ទីរពិសោធន៍របស់លោកនៅប្រទេសបារាំង។ មួយវិញទៀត លោកចង់ប្រើចំណេះដឹងរបស់លោកឲ្យមានប្រយោជន៍ចំពោះប្រជាជនកម្ពុជា ក៏ដូចជាមានបំណងផ្ទេរនូវចំណេះដឹងទៅដល់គ្រូពេទ្យនិងនិស្សិតជំនាន់ថ្មីនាពេលអនាគតផងដែរ។ ”ការរំពឹងទុករបស់យើងខ្ញុំ គឺលទ្ធផលមានគុណភាព មានភាពច្បាស់លាស់ ដែលជាប្រយោជន៍ដ៏សំខាន់ដល់គ្រូពេទ្យនិងអ្នកជំងឺ និងដើម្បីបម្រើឱ្យវិស័យសុខភាពនៅកម្ពុជា” នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ប៊ី ម៉េងលី ។
គួរឲ្យដឹងផងដែរថា មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយូប៊ីឃីន មានសេវាកម្មធ្វើការវិភាគលើផ្នែកៈ Biochimie, Hématologie, Immunologie, Bactériologie, និង Parasitologie, Microbiologie, Biologie Moléculaire. ដែលផ្សារភ្ជាប់ជាមួយលក្ខណៈពិសេសៗជាច្រើនដូចជា ឧបករណ៍ពិសោធន៍ទាំងអស់ និង PLCs សុទ្ធតែផលិតនៅអឺរ៉ុបនិងអាមេរិក ដែលអាចធ្វើរោគវិនិច្ឆ័យទៅលើគ្រប់វត្ថុគំរូជា ឈាម, លាមក, ទឹកនោម កំហាក និងខ្ទុះជាដើម។ ម៉្យាងទៀត លោកមានជំនួយការពីរនាក់ជាជីវវិទូ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៥នាក់ និងអ្នកគ្រប់គ្រងទូទៅ ផ្នែករដ្ឋបាល ហិរញ្ញវត្ថុនិងសេវាកម្ម។ រីឯលទ្ធផលទាំងអស់ត្រូវបានត្រួតពិនិត្យនិងគ្រប់គ្រងដោយអ្នកបច្ចេកទេសនិងបញ្ជាក់យ៉ាងច្បាស់ដោយអ្នកជីវវិទូ។ លើសពីនេះទៀត បុគ្គលិកបច្ចេកទេសនិង រដ្ឋបាលអនុវត្តការងារគោរពតាមស្តង់ដារ ដែលមានលក្ខណៈសម្បត្ដិដូចមន្ទីរពិសោធន៍ដែលលោកបាននិងកំពុងអនុវត្តនៅក្នុងប្រទេសបារាំង ដោយផ្តោតទៅលើការផ្តល់លទ្ធផលច្បាស់លាស់ ទុកចិត្តបាន និងមានប្រយោជន៍ដ៏សំខាន់សម្រាប់វេជ្ជបណ្ឌិតនិង អ្នកជម្ងឺ ។ជាពិសេស ក៏មានការធានាជូនថា លទ្ធផលពិនិត្យវេជ្ជសាស្រ្តទាំងអស់ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យជាច្រើនដង និងត្រូវបានអនុម័តដោយអ្នកជីវវិទូ ដែលមានសមត្ថភាពខ្ពស់ រីឯការវិភាគទៀតសោត នឹងត្រូវបានហ៊ុំព័ទ្ធដោយការគ្រប់គ្រងគុណភាពជាច្រើនកម្រិត និងដំណាក់កាល ហើយព្រមទាំងមានភាពប្រាកដច្បាស់លាស់នៃលទ្ធផល មុនពេលបោះពុម្ពចុងក្រោយ។
សម្រាប់វិធីសាស្រ្តដើម្បីទទួលបានការគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាគ្រូពេទ្យ លោកបណ្ឌិត ប៊ី ម៉េងលី បានបង្ហាញពីគន្លឹះទាក់ទងនឹងការស្ទាបស្ទង់មតិ ការធ្វើកាអង្កេត និងពិភាក្សាជាមួយវេជ្ជបណ្ឌិត កម្ពុជាជាច្រើនមុនពេលបើកមន្ទីរពិសោធន៍នេះ អំពីអ្វីដែលពួកគាត់ចង់បានពីការផ្តល់សេវារបស់មន្ទីរវេជ្ជសាស្រ្តរបស់លោកដែលក្នុងនោះ លទ្ធផលដែលទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាលក្ខ័ណ្ឌចម្បងដែលពួកគាត់ចង់បាន។ ដូចនេះ បេសកកម្មរបស់លោក គឺព្យាយាមបំពេញតាមបំណងនិងការទាមទាររបស់ក្រុមគ្រូពេទ្យ ក្នុងការផ្តល់លទ្ធផលដែលទុកចិត្តបាន អនុលោមតាមគោលការណ៍ ISO 15189 ស្តង់ដារគុណភាពអន្តរជាតិ។
លោកបណ្ឌិត ប៊ី ម៉េងលី ក៏បានបញ្ចេញចំណាប់អារម្មណ៍ទាក់ទងនឹងបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននិងអនាគតផងដែរថា ប្រទេសកម្ពុជាគឺជាផ្នែកមួយរបស់អាស៊ាននិងចលនាប្រជាជនមានភាពសេរីរវាងបណ្តាប្រទេសជាសមាជិក។ មនុស្សជាច្រើននៃជនរួមជាតិរបស់យើង ស្វែងរកការព្យាបាលជម្ងឺរបស់ពួកគេនៅក្រៅប្រទេសកម្ពុជា ហើយនេះជាការអាម៉ាស់មួយសម្រាប់ប្រទេសរបស់យើង។ លោកប្រាកដថានៅក្នុងប្រទេសកម្ពុជាក៏មានគ្រូពេទ្យនិងអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ ដោយសារពួកគាត់ភាគច្រើនបានទៅទទួលការបណ្តុះបណ្តាលនៅបរទេស ពិសេសនៅក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ឬប្រទេសផ្សេងៗទៀត។ ចំពោះលោកផ្ទាល់យល់ថា វាគឺជាបញ្ហានៃការទុកចិត្ត ដូច្នេះយើងត្រូវតែស្តារឡើងវិញនូវការជឿទុកចិត្តគ្នារវាងប្រជាជនកម្ពុជា ដើម្បីជួយពន្យល់អំពីសុខភាពប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ពីសំណាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត និងត្រូវធ្វើការរួមគ្នាផ្តល់នូវសេវាសុខភាពដ៏ប្រសើរជូនជនរួមជាតិរបស់យើង។ ការជឿទុកចិត្តនេះ ត្រូវការពេលវេលា ហើយលោកជឿថា វានឹងកើតឡើងនៅថ្ងៃណាមួយ ដោយសារអ្នកជំនាញសុខភាពផ្តល់ការពិគ្រោះ ពិនិត្យ និងវិភាគ ប្រកបដោយភាពស្មោះត្រង់និងមានក្រមសីលធម៌ ដើម្បីស្ដារឡើងវិញនូវរូបភាពនៃវិជ្ជាជីវៈគ្រូពេទ្យ ថាជាវិជ្ជាជីវៈដ៏គួរឲ្យគោរព។ ខណៈពេលនេះ មន្ទីរពិសោធន៍ ប៊ីយូប៊ីឃីន ធានាចូលរួមជួយបង្កើនទំនុកចិត្តក្នុងវិស័យសុខាភិបាលឡើងវិញផងដែរ។
ចំពោះការត្រៀមខ្លូនសម្រាប់សម្រេចបាននូវទស្សនៈវិស័យក្នុងពេលអនាគត មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយូប៊ីឃីនបាន និងកំពុងព្យាយាមដំណើរការគោលកាណ៍គុណភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីបានការទទួលស្គាល់ តាមស្តង់ដារ BIORAD និង ISO 15189 អន្តរជាតិ ។
ជាចុងក្រោយលោកបណ្ឌិត ប៊ី ម៉េងលី ក៏មានជាមតិផ្តាំផ្ញើរដល់សាធារណៈជនទាំងអស់ថា មានសុខភាពល្អគឺមានទ្រព្យសម្បត្តិជាចម្បង ហើយការការពារ គឺពិតជាប្រសើរជាងការព្យាបាល។មន្ទីរពិសោធន៍ប៊ីយូប៊ីឃីន គឺជាផ្នែកមួយដ៏មានសំខាន់ក្នុងការចូលរួមនៅក្នុងខ្សែសង្វាក់នៃការការពារនេះនិងពិសេសជាងនេះទៅទៀត គឺនឹងក្លាយជាជំនួយដល់អ្នក ក្នុងការការពារ និងតាមដានជម្ងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ជម្ងឺទឹកនោមផ្អែម រលាកថ្លើម B & C ជាដើម។
លោកបណ្ឌិត ប៊ី ម៉េងលី និង សមាជិកនៃមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយូប៊ីឃីន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការអញ្ជើញទៅដល់របស់អ្នក និងត្រៀមខ្លួនសម្រាប់ជួយអ្នកដោយអស់ពីចិត្ត។
អត្ថបទសម្ពាសន៌ដោយ ទស្សនាវដ្ដី ហេលស៍ថាម
រក្សាសិទ្ធគ្រប់យ៉ាង © 2016 មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប៊ីយូប៊ីឃីន .Web Design : CITA